ឯកឧត្តម កែន រដ្ឋា អគ្គនាយកអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអគ្គនាយក ដ្ឋាន ដើម្បីបូកសរុបលទ្ធផលការងារសម្រាប់ឆមាសទី១ ឆ្នាំ២០២២

ឯកឧត្តម កែន រដ្ឋា អគ្គនាយកអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអគ្គនាយក ដ្ឋាន ដើម្បីបូកសរុបលទ្ធផលការងារសម្រាប់ឆមាសទី១ ឆ្នាំ២០២២

ថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីក្រសួង ឯកឧត្តម កែន រដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអគ្គនាយកដ្ឋាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងនាយកដ្ឋានទាំង៥រួមមាន៖ នាយកដ្ឋានរដ្ឋបាល នាយកដ្ឋានបុគ្គលិក នាយកដ្ឋានហិរញ្ញវត្ថុ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងនាយកដ្ឋាននីតិកម្ម ដើម្បីបូកសរុបលទ្ធផលការងារអនុវត្តសម្រាប់ឆមាសទី១ ឆ្នាំ២០២២ ធៀបនឹងផែនការសកម្មភាពការងារឆ្នាំ២០២២ និងពិនិត្យមើលបញ្ហាប្រឈមផ្សេងៗ រួមទាំងការដោះស្រាយសំណូមពរ តាមការស្នើសុំរបស់អង្គភាពក្រោមឱវាទ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គនាយក បានអនុញ្ញាតឱ្យតំណាងនាយកដ្ឋានក្រោមឱវាទទាំង៥ ធ្វើរបាយ ការណ៍សង្ខេបអំពីលទ្ធផលការងារដែលបានអនុវត្តរយៈពេល៦ខែកន្លងមក ធៀបនឹងផែនការសកម្មភាព ដែលបានដាក់ចេញសម្រាប់ឆ្នាំ២០២២ ហើយជាលទ្ធផលអង្គភាពក្រោមឱវាទបានចូលរួមអនុវត្ត និង សម្រេចលទ្ធផលបានភាគច្រើនធៀបនឹងផែនការដែលបានគ្រោងទុកសម្រាប់ឆមាសទី១។ ក្នុងចំណោម ផែនការសកម្មភាពរបស់អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ សរុបទាំង១០៩ មានផែនការសកម្មភាព ចំនួន២១ បានអនុវត្តបញ្ចប់ និងផែនការសកម្មភាពចំនួន៨៨កំពុងបន្តអនុវត្ត ដែលគ្រោងនឹងបញ្ចប់នៅ ត្រីមាសទី៤ ឆ្នាំ២០២២នេះ។

ឯកឧត្តមអគ្គនាយក ក៏បានដឹកនាំការពិភាក្សា និងពិនិត្យឡើងវិញលើលំហូរការងារ (Process mapping) ដែលបានអនុវត្តកន្លងមករបស់នាយកដ្ឋានក្រោមឱវាទ ដើម្បីពិនិត្យ និងកែលម្អបន្ថែមទៀត សំដៅជំរុញការងារឱ្យបានលឿន កាត់បន្ថយភាពស្មុគស្មាញ និងកន្លែងកកស្ទះ។

ឯកឧត្តមអគ្គនាយក បានផ្តល់អនុសាសន៍ណែនាំបន្ថែមដល់អង្គភាពក្រោមឱវាទឱ្យបន្តខិតខំប្រឹងប្រែង អនុវត្តសកម្មភាពការងារដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួនឱ្យទទួលបាននូវលទ្ធផល និង សម្រេចឱ្យបានតាមផែនការដែលបានគ្រោងទុក ជាពិសេសការងារសំខាន់ៗរួមមាន៖ ១) ការងារសហការរៀបចំផែនការយុទ្ធសាស្រ្តថវិកា(BSP) ថវិកាកម្មវិធី(PB) ២) ការពិនិត្យលទ្ធភាពប្រើប្រាស់ធនធានមន្រ្តីផ្ទៃក្នុង ៣)ការបណ្តុះបណ្តាលបំពាក់បំប៉នសមត្ថភាពបន្ថែម ៤)ការរៀបចំវគ្គតម្រង់ទិសដល់មន្រ្តីថ្មីរបស់ក្រសួង ៥) ការពង្រឹងការគ្រប់គ្រងវត្តមានមន្រ្តីរាជការតាមប្រព័ន្ធព័ត៌មានវិទ្យា ៦) ការពង្រឹងលើការពិនិត្យលើសំណើសុំតែងតាំង និងការផ្ទេរសម្រួលភារកិច្ចផ្សេងៗ ៧) ការជំរុញសកម្មភាពចូលរួមក្នុងការពិនិត្យ ផ្តល់យោបល់ផ្នែកច្បាប់ អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្ត ស្វែងរកដៃគូ គម្រោងពាក់ព័ន្ធនឹងជំនួយផ្នែកច្បាប់ ៨) ការប្រមូលចងក្រង ផលិតជាឯកសារកិច្ចសហប្រតិបត្តិការ គម្រោងបច្ចេកទេសនានាជាមួយបណ្តាប្រទេសជាដៃគូមានជាអាទិ៍៖ ចិន ជប៉ុន កូរ៉េ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ធនាគារពិភពលោក(World Bank) និងដៃគូសហប្រតិបត្តិការផ្សេងៗទៀត៕