កាន់តែធ្ងន់! ករណីស្លា.ប់ទារិកា នៅមន្ទីរពេទ្យសម្ភព សោភា VIP ជនរងគ្រោះបានធ្វើការប្តឹងសមាសភាពទាំងមូល នៃគណៈកម្មាធិការដោះស្រាយ ពាក់ព័ន្ធទៅនឹងភាពអយុត្តិធម៌
កាន់តែធ្ងន់! ករណីស្លា.ប់ទារិកា នៅមន្ទីរពេទ្យសម្ភព សោភា VIP ជនរងគ្រោះបានធ្វើការប្តឹងសមាសភាពទាំងមូល នៃគណៈកម្មាធិការដោះស្រាយ ពាក់ព័ន្ធទៅនឹងភាពអយុត្តិធម៌
ប្រិយមិត្តពុកម៉ែបងប្អូន ប្រហែលជាចាំមិនភ្លេចនោះទេ កាលពីខែឧសភា ឆ្នាំ២០២៣កន្លងទៅ មានស្ត្រីម្នាក់បានទៅសម្រាលកូនដោយធ្វើការវះកាត់ នៅមន្ទីរពេទ្យសម្ភពសោភា វីអាយភី ស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយបានបណ្ដាលឱ្យស្លាប់ទារិកា និងបានប៉ះទង្គិចយ៉ាងខ្លាំងទៅដល់សុខភាពម្តាយ ប៉ះទង្គិចទាំងសុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្ត។
ករណីខាងលើខាងលើនេះដែរ ឃើញថារហូតដល់ពេលបច្ចុប្បន្ននេះកាន់តែធ្ងន់ទៅៗ ដោយសារតែមិនមានភាពយុត្តិធម៌ណាមួយ ទៅដល់ក្រុមគ្រួសារសព ខណៈក្រុមគ្រួសារសពដែលជាជនរងគ្រោះ ដាក់ពាក្យបណ្តឹងទៅកាន់ក្រសួងសុខាភិបាល និងដាក់ពាក្យស្នើសុំអន្តរាគមន៍ចំនួនបីដង នៅតែមិនមានពន្លឺយុត្តិធម៌។
នេះបើយោងតាមពាក្យបណ្តឹងចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ របស់លោក វ៉ាត វិសិដ្ឋ ដែលជាឪពុកសពទារិកាដែលបានស្លាប់នៅក្នុងហេតុការណ៍ បានដាក់បណ្តឹងទៅកាន់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា ប្តឹងសមាសភាពគណៈកម្មាធិការដោះស្រាយ ដែលក្រសួងសុខាភិបាល ចាត់តាំងលោក សុិក ប៊ុណ្ណា ជាប្រធានក្នុងការដោះស្រាយ។
ក្នុងពាក្យបណ្តឹងបានរៀបរាប់ថា៖ កម្មវត្ថុប្ដឹងសមាសភាពទាំងមូលរបស់គណៈកម្មាធិការដោះស្រាយបណ្ដឹងដែលក្រសួងសុខាភិបាលចាត់តាំងដោះស្រាយបណ្ដឹងរបស់ខ្ញុំបាទ ដែលប្ដឹងមន្ទីរពេទ្យសម្ភពសោភា ដែលមាន ឯកឧត្តម សុិក ប៊ុណ្ណា ប្រធានក្នុងករណីមិនមានភាពយុត្តិធម៌ មិនមានភាពអព្យាក្រិត្តភាព មិនផ្ដល់តម្លៃទៅលើពលរដ្ឋដែលជាជនរងគ្រោះ មិនមានទំនួសខុសត្រូវលើការងាររបស់ខ្លួនច្បាស់លាស់។
យ៉ាងណាករណីស្លាប់ទារកក្នុងពេលវះកាត់ខាងលើនេះ មន្ទីរពេទ្យសម្ភពសោភា VIP ធ្លាប់បានចេញលិខិតបកស្រាយបំភ្លឺជាសាធារណៈទៅកាន់បណ្ដាញសារព័ត៌មាន និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយខ្លឹមសារនៃលិខិតបំភ្លឺបានធ្វើការលើកឡើងផ្ទុយពីការរៀបរាប់របស់ក្រុមគ្រួសារសពទារិកាដែលបានស្លាប់ (ពោលគឺ) មន្ទីរពេទ្យបដិសេធថាខ្លួនមិនបានមានកំហុសនោះទេ។
ទន្ទឹមគ្នានឹងការបកស្រាយបំភ្លឺ ពីសំណាក់មន្ទីរពេទ្យ ភ្លាមនោះ ឪពុកម្តាយសពទារិកាដែលបានស្លាប់បាត់ជីវិត ក៏បានចេញលិខិតមួយច្បាប់ដើម្បីជាការឆ្លើយតបទៅកាន់សាធារណៈជននិងបណ្ដាញសារព័ត៌មាន និងជាការឆ្លើយតបបំភ្លឺទៅកាន់មន្ទីរពេទ្យសម្ភពសោភា វីអាយភី ដោយក្នុងលិខិតបំភ្លឺទាំងភាគីសងខាង គឺផ្ទុយពីគ្នា និងយកត្រូវរៀងៗខ្លួន។
ទោះបីជាយ៉ាងណាទាក់ទិនទៅនឹងករណីខាងលើនេះ៖ ឪពុករបស់សពទារិកាដែលបានស្លាប់បាត់ជីវិត ក៏បានធ្វើការសម្រេចចិត្តដាក់ពាក្យបណ្តឹងប្តឹងលោក សុិក ប៊ុណ្ណា ប្រធានគណៈកម្មាធិការក្នុងការដោះស្រាយដែលក្រសួងបានចាត់តាំងធ្វើជាប្រធាន ព្រមទាំងបានប្តឹងសមាសភាពទាំងមូលនៃគណៈកម្មាធិការទាំងអស់ទៅកាន់រដ្ឋមន្ដ្រីក្រសួងសុខាភិបាលកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ជុំវិញភាពមិនយុត្តិធម៌ និងមិនមានអព្យាក្រឹតភាព និងមិនផ្តល់តម្លៃទៅលើពលរដ្ឋដែលជាជនរងគ្រោះ និងមិនមានទំនួសខុសត្រូវច្បាស់លាស់លើការងាររបស់មន្ត្រីដែលមានសមាសភាពទាំងមូល ក្នុងការរកដំណោះស្រាយ។
ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ ទៅកាន់លោក សុិក ប៊ុណ្ណា ជុំវិញភាពមិនប្រក្រតីពីសំណាក់ក្រុមគ្រួសារសពទារិកាដែលបានស្លាប់បាត់ជីវិតនៅពេលប្រសូតវះកាត់ ក្រុមការងារសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក សុិក ប៊ុណ្ណា ប្រធានគណៈកម្មាធិការក្នុងការដោះស្រាយបាននោះទេពីព្រោះមិនមានលេខទូរស័ព្ទ។
ករណីខាងលើក្រុមគ្រួសារសពទារិកា លោក វ៉ាត វិសិដ្ឋ ព្រមទាំងលោកស្រី ហេង សិលា ដែលត្រូវជាម្តាយឪពុករបស់សព នៅតែអង្វរទទូចស្នើសុំទៅកាន់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមមេត្តាជួយផ្តល់ភាពយុត្តិធម៌ជូនដល់ពួកគាត់នឹងផ្តល់ភាពយុត្តិធម៌ជូនដល់សពកូនស្រីរបស់ពួកគាត់ដែលបានស្លាប់បាត់ជីវិត៕