ពិធីកាត់ខ្សែបូរសម្ពោធជាផ្លូវការនៅផ្លូវប៊ីតុង មួយខ្សែដែលមានទទឹង ៥ ម៉ែត្រ កម្ពស់ ១,៥តឹក និងបណ្ដោយ១០០០ម ឱ្យប្រើប្រាស់ចាប់ពីថ្ងៃនេះតទៅ ក្រោមអធិបតីភាពឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល
ខេត្តកណ្ដាល, នៅរសៀលថ្ងៃសុក្រទី០៣ខែកុម្ភៈឆ្នាំ២០២៣ នៅភូមិប៊ុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល បានរៀបចំពិធីកាត់ខ្សែបូរសម្ពោធជាផ្លូវការនៅផ្លូវប៊ីតុង មួយខ្សែដែលមានទទឹង ៥ ម៉ែត្រ កម្ពស់ ១,៥តឹក និងបណ្ដោយ១០០០ម ឱ្យប្រើប្រាស់ចាប់ពីថ្ងៃនេះតទៅ ក្រោមអធិបតីភាពឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល។ ជាកិច្ចចាប់ផ្ដើមលោក អ៊ូជ សារឿន អភិបាលស្រុកកណ្ដាលស្ទឹង លោកបានលើកយកបញ្ហាភូមិឃុំមានសុវត្ថិភាពដែលជាទិសដៅអាទិភាពដំបូង សម្រាប់ភូមិឃុំទាំងអស់នៅក្នុងស្រុកកណ្ដាលស្ទឹងដែលទទួលបានចំណាត់ថ្នាក់លេខ១ ទាំង ១៨ឃុំទូទាំងស្រុកកណ្ដាលស្ទឹង។ ជាពិសេសប្រជាពលរដ្ឋក្នុងភូមិប៊ុណ្ណានេះតែម្ដង សុវត្ថិភាព និងសន្តិសុខ សុខសន្តិភាពនេះហើយដែលជាចំណុចសំខាន់ដើម្បីឈានទៅរកការកសាងភូមិឃុំឲ្យមានភាពរីកចម្រើនគ្រប់វិស័យទាំងជីវភាពរស់នៅសុខមាលភាពនិងការកសាងសមិទ្ធិផលនានាមានដូចជាផ្លូវថ្នល់ដែលសម្ពោធដាក់ឲ្យប្រើប្រាស់។នៅថ្ងៃនេះ។ បន្ទាប់មកឯកឧត្តម គង់ សោភ័ណ្ឌ ក្នុងនាមជាគណៈអធិបតីក្នុងអង្គពិធី ឯកឧត្តមបានមានប្រសាសន៍ផ្ដាំផ្ញើនិងសួរសុខទុក្ខប្រជាពលរដ្ឋដែលចូលរួមយ៉ាងច្រើនកុះករ។ ទោះបីជាផ្លូវបានសម្ពោធឲ្យប្រើប្រាស់នៅថ្ងៃនេះមានចំនួនតែ១០០០មក្តីតែនេះជាការកសាងបន្តិចម្ដងៗ ជាជំហានគីង្គក់យឺតតែនៅតែទៅមុខជានិច្ច ។ ឯកឧត្តមបានរំលឹកបន្ថែមថាក្នុងខេត្តកណ្ដាលវាមានច្រើនស្រុកច្រើនឃុំច្រើនភូមិដូច្នេះភូមិនេះធ្វើបាន១០០០មឬ២០០០ម រីឯភូមិឯទៀតក៏ធ្វើបានដូចគ្នា។សរុបទៅគឺការកសាងនិងអភិវឌ្ឍន៍នេះវាមានគ្រប់ទីកន្លែងទូទាំងខេត្តកណ្ដាល នេះជាជោគជ័យមួយទោះជាយឺតតែនៅតែទៅមុខ។ ជាចុងបញ្ចប់ឯកឧត្តមបានលើកយកបញ្ហាជីវភាពការថែទាំសុខភាពឱ្យបានល្អសម្រាប់គ្រួសារនីមួយៗនិងសីលធម៌រស់នៅជាពិសេសក្មេងៗជំនាន់ក្រោយដែលទើបតែប្រឡងបាក់ឌុបជាប់ទាំងលេខមួយនិងមិនលេខមួយទាំងអស់ត្រូវបន្តរៀនទៅមុខទៀតចូលរៀនសកលវិទ្យាល័យយកបរិញ្ញាបត្រនិងបន្តរៀនរហូត។ ចំណែកឯសិស្សស្រីៗ គួរណាតែរៀនបន្តទោះបីជាមានគ្រួសារហើយក៏ដោយ ព្រោះការរៀនសូត្រ និងចំណេះវិជ្ជា ដែលរៀនបានចេះដឹងជ្រៅជ្រះនិងខ្ពង់ខ្ពស់ នេះហើយជាទំពាំងស្នងឬស្សីសម្រាប់យុវជនគ្រប់ជំនាន់ ។ ប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យដូចប្រទេសកម្ពុជា ត្រូវការជាចាំបាច់នៅធនធានមនុស្សដែលមានចំណេះដឹងទាំងសមត្ថភាពនិងគុណភាពព្រោះប្រទេសប្រជាធិបតេយ្យត្រូវការបោះឆ្នោតប្រកួតប្រជែង ដូចយើងដឹងស្រាប់នៅខែកក្កដាខាងមុខនេះសម្រាប់ប្រទេសកម្ពុជាយើង ដូច្នេះពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវធ្វើការជ្រើសរើស ថាតើគណបក្សណាដែលធ្វើឱ្យយើងមានសុខសន្តិភាពដូចសព្វថ្ងៃ ត្រូវធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវដើម្បីសុខសន្តិភាពបន្ត។