មរណៈភាពរបស់ សមាជិកអាវុធហត្ថរាជធានីភ្នំពេញម្នាក់ បានរំជួលដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន!
មរណៈភាពរបស់ សមាជិកអាវុធហត្ថរាជធានីភ្នំពេញម្នាក់ បានរំជួលដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន!
នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម វេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា តំណាង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសហការី បាននាំយក ថវិកាចំនួន ៥,០០០,០០០រៀល និងគ្រឿងឧបភោគ បរិភោគ រួមមាន ៖ ត្រីខ ៥យួរ មី ៥កេស ភេសជ្ជៈ ៥កេស អង្ករ ៤ការ៉ុង ចូលរួមបុណ្យសព លោកព្រិន្ទបាលឯក ឃួន វិសាល សមាជិក កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបានពាំនាំនូវមតិផ្តាំផ្ញើដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់ម្តាយសព នៅគេហដ្ឋាន ភូមិតារាប ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្ដាល។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តាំផ្ញើនូវអារម្មណ៍រំជួលចិត្ត ពេលដែលបានដឹងថា សពសមាជិកកងរាជអាវុធហត្ថរាជធានីភ្នំពេញម្នាក់នេះមានប្អូនស្រីវិបល្លាសស្មារតីចាកចោលផ្ទះ ឪពុកទើបតែទទួលអនិច្ចកម្មថ្មីៗ ហើយម្តាយធ្លាក់ខ្លួនឈឺព្រោះតែក្រៀមក្រំមិនទាន់អាចធ្វើចិត្តបំភ្លេចប្តីបាន ឯខ្លួនឯង ខំឆ្លៀតសុំច្បាប់ប្រធានក្រុម ដើម្បីបានទៅកំដរមើលថែលួងលោមម្តាយ តែមិននឹកស្មានថាបែរក្លាយទៅជាជួបរឿងអកុសល គ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ ត្រូវរថយន្តធំកិនស្លាប់ តាមទៅកំដរឪពុកដែលទើបអនិច្ចកម្ម ធ្វើឲ្យអ្នកម្តាយកាន់តែខ្លោចចិត្តខ្លាំងទ្វេរឡើង។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ ទឹកចិត្តសណ្តោសប្រណី របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាល លោកតែងតែគិតគូពីសុខទុក្ខ ដល់កងកម្លាំងគ្រប់ប្រភេទ ជាពិសេសបានចាត់តំណាងនាំយកថវិកា និងគ្រឿងឧបភោគ បរិភោគ មកចូលរួមបុណ្យសពសមាជិក អាវុធហត្ថរាជធានីភ្នំពេញ នាពេលនេះ៕