សាលាពុទ្ធិកៈបឋមសិក្សាវត្តព្រែកស្ដី ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល ត្រូវបានសម្ពោធជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ៧១១នាក់
កោះធំ៖ ថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជា អធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាពុទ្ធិកៈបឋមសិក្សាវត្តព្រែកស្ដី ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការ មន្ត្រី ជំនាញបច្ចេកទេសពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ៧១១នាក់។
ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសមិទ្ធផលសម្រេចបាន ទាក់ទងនឹងការរីកចម្រើនខាងវិស័យអាណាចក្រ និងពុទ្ធិចក្រ ក្រោមម្លប់សុខសន្តិភាព ស្ថិរភាពនយោបាយ និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្តល់ ឱកាសឱ្យយើងបានជួបជុំគ្នាកសាងសមិទ្ធផលនានាដូចជា៖ ពុទ្ធិកៈបឋមសិក្សាបឋមសិក្សានាពេលនេះ និងសមិទ្ធផលនានានៅ វត្តព្រែកស្ដី ព្រមទាំងផ្តល់ឱកាសឱ្យយើងបានកសាងផ្លូវ ស្ពាន សាលារៀន មន្ទីពេទ្យ វត្តអារាម នៅទូទាំងប្រទេសផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា៖ នៅទូទាំងប្រទេសកម្ពុជាមានការរីកចម្រើនច្រើនក្នុងនោះរួមមានផ្លូវ បេតុងកៅស៊ូខ្វាត់ខ្វែងតភ្ជាប់ពីរាជធានីភ្នំពេញទៅទីរួមខេត្ត ពីទីរួមខេត្តមួយទៅទីរួមខេត្តមួយ ព្រលានយន្តហោះកំពុងសាងសង់ កំពង់ផែស្វ័យតភ្នំពេញ និងកំពង់ផែស្វ័យតក្រុងព្រះសីហនុត្រូវបានពង្រីក ផ្លូវរថភ្លើងត្រូវបានស្ដារឡើងវិញជាដើម និងបានមានប្រសាសន៍បន្ថែមថា៖ ឯកឧត្តមមានភ័ព្វ សំណាងណាស់ដែលទទួលបានសិទ្ធិក្នុងការបម្រើបងប្អូនប្រជាពលរដ្ឋ ដើម្បីចូលរួមកសាងប្រទេសជាតិមាតុភូមិរបស់យើងឱ្យមានការរីកចម្រើនថែមទៀត។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានរំលឹកជាថ្មីម្តងទៀតអំពីសមិទ្ធផលសម្រេចបានសំខាន់ៗនៅស្រុកកោះធំដែលរួមមាន៖ ស្ពានកោះធំឆ្លងទន្លេបាសាក់ ផ្លូវជាតិលេខ២១ ផ្លូវលេខ១១០ រួមទាំងផ្លូវបេតុងខ្វាត់ខ្វែងនៅតាមបណ្តាឃុំនានាទូទៅទាំងស្រុកកោះធំ បង្គោលភ្លើងបំភ្លឺផ្លូវសូឡា១៤០០ ដើម និងគ្រោងបំពាក់បន្ថែមចំនួន១៤០០ដើមទៀតដើម្បីបំភ្លឺផ្លូវនៅតាមភូមិឃុំក្នុងស្រុកកោះធំ៕