កងរាជអាវុធហត្ថលេីផ្ទៃប្រទេសបានឃាត់ខ្លួនមេបញ្ជាការរងប៉េអឹមខេត្តកំពង់ស្ពឺម្នាក់ និងមេប៉េអឹមស្រុកភ្នំស្រួច រួមទាំងបក្សពួក៤រូបទៀត សង្ស័យពាក់ព័ន្ធទទួលផលបទល្មើសគ្រឿងញៀន

 

ខេតកំពង់ស្ពឺ៖ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការណ៍ជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ពន្លាតដែនសមត្ថកិច្ចស្រាវជ្រាវ និងឃាត់ខ្លួនមេបញ្ជាការរងអាវុធហត្ថខេត្តកំពង់ស្ពឺម្នាក់ និងមេបញ្ជាកងរាជអាវុធហត្ថស្រុកភ្នំស្រួច និងមន្ត្រីអាវុធហត្ថ៤នាក់ ទៀតពាក់ព័ន្ធបទល្មើសគ្រឿងញៀន។ នេះបើយោងតាមសេចក្តីប្រកាស ព័ត៌មានរបស់លោកឧត្តមសេនីយ៍ត្រីអេង ហុី អ្នកនាំពាក្យកងរាជ អាវុធហត្ថលើផ្ទៃប្រទេស

បើយោងតាមសេចក្តីប្រកាស ព័ត៌មានរបស់លោកឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថាៈ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដោយមានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមធ្វើការប្រកាសព័ត៌មានជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបដូចតទៅ៖

១- កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន និងបានធ្វើការស្រាវជ្រាវបន្ត រកឃើញបុគ្គលពាក់ព័ន្ធមួយចំនួន។

កម្លាំងជំនាញក៏បានធ្វើការពន្លាតដែនសមត្ថកិច្ចដល់ខេត្តកំពង់ស្ពឺ តាមនីតិវិធី ។

ដោយរាយការណ៍ជូនឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ និងតាមឋានានុក្រម។

២- នៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ដដែល កម្លាំងមន្ត្រីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ។

បានធ្វើការស្តាប់ចម្លើយបុគ្គលពាក់ព័ន្ធនឹងបទល្មើសចំនួន០៦រូប ដែលជានាយទាហាននៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

តាមការសារភាព បុគ្គលទាំង៦រូប អាចពាក់ព័ន្ធនឹងករណីទទួលផលពីបទល្មើសគ្រឿងញៀន។

៣- តាមលទ្ធផលនៃការធ្វើតេស្តសារធាតុញៀន បុគ្គលសង្ស័យទាំង០៦រូបនេះ ពុំមានផ្ទុកសារធាតុញៀននោះទេ។

 

៤- មន្ត្រីនគរបាលយុត្តិធម៌ បាននិងកំពុងបន្តកសាងនីតិវិធី បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងការគោរពនូវប្បញ្ញត្តិ “ការសម្ងាត់នៃការស៊ើបអង្កេត”។

 

៥- ក្រោមការដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បុគ្គលដែលសង្ស័យពាក់ព័ន្ធនឹងបទល្មើស ត្រូវតែអនុវត្តតាមច្បាប់ បញ្ជូនទៅតុលាការ គឺដោយប្រកាន់ខ្ជាប់ខ្ជួននូវទិសស្លោក “ចំពោះប្រទេសត្រូវតែការពារ ចំពោះប្រជាពលរដ្ឋត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប”។

ការឃាត់ខ្លួនមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺនៅពេលនេះ សបញ្ជាក់ឱ្យឃើញថាៈ នាយឧត្តមសេនីយ៍ សៅ សុខា កំពុងអនុវត្តច្បាប់ ដោយគ្មានការលើកលែង ។

ចំពោះបុគ្គលដែលប្រព្រឹត្តខុស មិនកាន់ជើងមន្ត្រីក្រោមឱវាទ ដើម្បីអនុវត្តតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជាយើង៕