សាលាដំបូងខេត្តកណ្តាល ចេញសាលក្រមផ្តន្ទាទោសលើឈ្មោះ ហ៊ ឈាងលីម ជាមេបញ្ជាការរង វរសេនាតូចនគរបាលការពារព្រំដែនគោក លេខ១០៥ ដាក់ពន្ធនាការរយៈពេល១ឆ្នាំ

សាលាដំបូងខេត្តកណ្តាល ចេញសាលក្រមផ្តន្ទាទោសលើឈ្មោះ ហ៊ ឈាងលីម ជាមេបញ្ជាការរង វរសេនាតូចនគរបាលការពារព្រំដែនគោក លេខ១០៥ ដាក់ពន្ធនាការរយៈពេល១ឆ្នា

រាជធានីភ្នំពេញ៖ សាលាដំបូងខេត្តកណ្តាល បានចេញសាលក្រមលេខ៖ ៩៨ (ឌ) កាលពីពេលថ្មីៗនេះ ដោយសម្រេចផ្តន្ទាទោសលើឈ្មោះ ហ៊ ឈាងលីម ជាមេបញ្ជាការរងវរសេនាតូច នគរបាលការពារព្រំដែនគោក លេខ១០៥ ដែលជាឈ្មួលដីធ្លីទុច្ចរិក រួមទាំងបក្សពួកឈ្មោះ ហ៊ឹម គឺមអ៊ន ដាក់ពន្ធនាគារម្នាក់ៗកំណត់រយៈពេល ០១(មួយ) ឆ្នាំ ពីបទ «ឆបោក» ប្រព្រឹត្តនៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។

ការសម្រេចផ្តន្ទាទោសពីសំណាក់សាលាដំបូងខេត្តកណ្តាលនេះ ធ្វើឡើងដោយយោងតាមពាក្យបណ្តឹងរបស់ដើមបណ្តឹងឈ្មោះ យឹម វិស្សុត ដែលបានដាក់ពាក្យប្តឹងកាលពីអំឡុងដើមឆ្នាំ២០១៨។

ដើមណ្តឹងបានបញ្ជាក់ថា ឈ្មោះ ហ៊ ឈាងលីម និងបក្សពួក ឈ្មោះ ហ៊ឹម គឺមអ៊ន បានលក់ដីមួយកន្លែងដែលមានទំហំសរុប ១១.៨៨៦ម២ (មួយម៉ឺនមួយពាន់ប្រាំបីរយប៉ែត សិបប្រាំមួយម៉ែត្រការ៉េ) មានទទឹង១០០ម៉ែត្រ និងបណ្តោយ១១៨,៨៦ម៉ែត្រ នៅស្ថិតភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ឱ្យមកខ្លួន បន្ទាប់ពីបានធ្វើការទូទាត់ប្រាក់ឈ្មោះ ហ៊ ឈាងលីម បានឱ្យបក្សឈ្មោះ ហ៊ឹម គឺមអ៊ន និងឈ្មោះ ប៊ិន សុផល ចុះកិច្ចសន្យាលក់ផ្តាច់ដីស្រែ និងលិខិតផ្ទេរសិទ្ធិកាន់កាប់មានលេខៈ ៩៨៧ ចុះថ្ងៃទី២៥ ខែ៥ ឆ្នាំ២០១៨ ដែលមានចុះហត្ថលេខាដោយឈ្មោះ ឃុំ ស្រីណេត ជាមេភូមិស្វាយជួរ និងឈ្មោះ អៀង ឌុល ជាមេឃុំកោះខែល ដែលធ្វើឱ្យខ្លួនមានការជឿជាក់ទាំងស្រុង ព្រោះឯកសារទាំងអស់បានចុះហត្ថលេខា ទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋានភូមិ និងឃុំ។

បន្ទាប់មកឈ្មោះ ហ៊ ឈាងលីម និងបក្សពួកក៏បានឱ្យមន្ត្រីភូមិបាលស្រុកចុះវាស់វែងដើម្បីចុះបញ្ជីក្បាលដី ដោយបានចេញបង្កាន់ដៃក្បាលដីលេខៈ ១៣៦៣ ថែមទៀតផង។ ស្រាប់តែនៅអំឡុងខែមីនា ឆ្នាំ២០២២ នៅពេលរដ្ឋបាលសុរិយោដីបិទផ្សាយព័ត៌មានទិន្នន័យក្បាលដីដើម្បី ចុះបញ្ជីជាលក្ខណៈប្រព័ន្ធក៏ឃើញមានក្បាលដីលេខៈ ១៦៥៤ ស្នើសុំចុះបញ្ជីជាន់លើក្បាលដីលេខៈ ១៣៦៣ របស់ខ្លួនមួយផ្នែកធំដោយដីរបស់ខ្លួននៅសល់តែទំហំ ៤.២៦៧ម២ (បួនពាន់ពីររយហុកសិបប្រាំពីរម៉ែត្រការ៉េ) តែប៉ុណ្ណោះបាត់អស់ទំហំ ៧.៦១៩ម២។

ក្រោយខ្លួនបានដាក់បណ្តឹងតវ៉ា អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញបាន ហៅទៅដោះស្រាយទើបដឹងថា ដីនោះជាដីស្របច្បាប់របស់ម្ចាស់ក្បាលដីលេខៈ១៦៥៤ ហេតុដូច្នេះមានន័យ ឈ្មោះ ហ៊ ឈាងលីម បានឱ្យបក្សខ្លួនឈ្មោះ ហ៊ឹម គឺមអ៊ន និងឈ្មោះ ប៊ិន សុផល រួមទាំងអាជ្ញាធរ ភូមិ ឃុំ ឃុបឃិតគ្នាឆបោកដោយលួចយកដីអ្នកដទៃមកលក់ឱ្យខ្លួន៕