សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ 

នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun Sisoulith) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ  ដែលបានដឹកនាំគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅព្រះរាជាណាចក្រកម្ពុជា។ 

ក្នុងជំនួបនេះ ឯកឧត្តម ថងលុន បានគោរពថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ដែលបានអញ្ជើញឯកឧត្តម មកចូលរួមក្នុងពិធីបើកកីឡាស៊ីហ្គេមនៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ថងលុន បានមានប្រសាសន៍ថា ឯកឧត្តមពិតជាមានកិត្តិយសណាស់ ជាមួយការរៀបចំដ៏ល្អរបស់កម្ពុជា ។ ឯកឧត្តមមានជំនឿជឿជាក់ថា កម្ពុជា នឹងទទួលបានជោគជ័យ និងទទួលបានមេដៃមាសច្រើន។

ក្នុងឱកាសនេះដែរ ឯកឧត្តម ថងលុន បានគោរពថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ជូនចំពោះកម្ពុជា ដែលបានជួយប្រទេសឡាវដ៏ធំធេង និងដ៏ថ្លៃថ្នូរកន្លងមក រួមទាំងវិស័យសុខាភិបាល និងវិស័យសេដ្ឋកិច្ច។

ឯកឧត្តម ថងលុន បានមានប្រសាសន៍បន្តថា ទំនាក់ទំនងរវាងកម្ពុជា និងឡាវ កំពុងតែស្ថិតដល់ចំណុចកំពូល ហើយអ្វីដែលត្រូវធ្វើបន្ត គឺរួមគ្នាសម្របសម្រួលគ្នា ធ្វើឲ្យទំនាក់ទំនងនេះ ឈានឆ្ពោះឡើងមួយកម្រិតទៀត តាមរយៈការរួមគ្នាអនុវត្តតាមកិច្ចព្រមព្រៀងដែលមានស្រាប់ និងស្វែងរកកិច្ចសហប្រតិបត្តិការផ្សេងបន្ថែមទៀត ដូចជា៖ លើវិស័យទេសចរណ៍ វិស័យវិនិយោគ  វិស័យសន្តិសុខ រួមគ្នាត្រៀមដោះស្រាយគ្រោះមហន្តរាយជាយថាហេតុនានា។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម ថងលុន ដែលបានទទួលការអញ្ជើញមកចូលរួមពិធីបើកកីឡាស៊ីហ្គេម នៅកម្ពុជា ។

សម្ដេចតេជោ ក៏បានឯកភាពជាមួយឯកឧត្តម ថងលុន លើទំនាក់ទំនងរវាងប្រទេសទាំងពីរ និងអ្វីដែលត្រូវធ្វើបន្ត។ លើសពីនោះទៅទៀត សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានស្នើសុំឱ្យភាគីទាំងពីរ កម្ពុជា-ឡាវ រួមគ្នាពិនិត្យលើការរៀបចំកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដើម្បីធ្វើយ៉ាងណា ជំរុញការវិនិយោគរវាងប្រទេសទាំងពីរ ឱ្យបានកាន់តែច្រើនឡើងថែមទៀត៕