ឃាត់ខ្លួន លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ក្រោយសរសេរនៅលើបណ្តាញសង្គមញុះញង់ពាក់ព័ន្ធនឹងរូបភាពព្រះមហាក្សត្រ
ភ្នំពេញ៖ លោក យឹម ស៊ីណន និង លោក ហ៊ុន កុសល ជាអតីតសកម្មជនក្រុមប្រឆាំង ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ បន្ទាប់ពីបង្ហោះសារបែបញុះញង់តាមបណ្តាញសង្គមពាក់ព័ន្ធនឹងរូបភាព ព្រះមហាក្សត្រ ព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប។ នេះបើតាមប្រភពព័ត៌មានដែលទើបតែទទួលបាន។
សូមជម្រាបថា៖ ព្រះឆាយាល័ក្ខណ៍ ព្រះមហាក្សត្រកម្ពុជា ព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ ត្រូវបានសមាជិកក្រុមប្រឆាំងមួយចំនួន យកទៅបង្ហោះបន្តបន្ទាប់វាយប្រហារតាមទស្សនៈផ្សេងៗ ដោយគ្រាន់តែយករូបភាពជ្រុងណាមួយ ហើយធ្វើការប្រៀបធៀបវាយប្រហារលើសម្តេចតេជោ ហ៊ុន សែន បណ្តាលឱ្យសាធារណជនមានការភាន់ច្រឡំ។
ស្របជាមួយនឹងយុទ្ធនាការវាយប្រហារនេះ លោក យឹម ស៊ីណន បានបង្ហោះនៅលើហ្វេសប៊ុករបស់លោកដូច្នេះថា៖ «បើតាមសំលេងពលរដ្ឋតាមហាង កាហ្វេ៖ ថ្ងៃនេះយើងអាច ឃើញច្បាស់ថានរណាជាស្តេច ផែនដីពិតប្រាកដ»។
ចំណែកលោក ហ៊ុន កុសល ក៏បានបង្ហោះដែរថា៖ «ឃើញពួកគេធ្វើបាបព្រះទ័យ នឹងបន្ទាបព្រះចេស្តាព្រះមហាក្សត្រខ្មែរគ្រប់ ច្រកបែបនេះ។ ទូលបង្គំជាអ្នកនយោបាយជំនាន់ក្រោយប្តេជ្ញានឹងប្រើសមត្ថភាពដែលមានទាំងប៉ុន្មានចូលរួមពូនផ្តុំជាមួយលោកប្រធាន កឹម សុខា ការពារព្រះចេស្ដាក្សត្រ និងព្រះរាជបល្ល័ង្កដែលប្រជារាស្ត្រខ្មែរមិនអាចខ្វះបាន»។
តាមរយៈបណ្តាញសង្គម និង Comment នៅលើការបង្ហោះក្នុងហ្វេសប៊ុកមួយរបស់ លោក យឹម ស៊ីណន, សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការបង្ហោះពាក់ព័ន្ធលើបញ្ហានេះ ជារឿងបំភ្លៃ។ សម្តេចបានបញ្ជាក់ថា៖ «មានតែព្រះមហាក្សត្រទេដែលព្រះអង្គដឹងច្បាស់»។ សម្តេចក៏បានឆ្លើយឆ្លងបន្ថែមទៀតថា៖ «បើគ្មានទោសទើបចម្លែកព្រោះ នេះមិនមែនជា របៀបបញ្ចេញមតិទេតែជាការបំភ្លៃការពិតមួយដោយចេតនា។ ទោះយ៉ាងណាយើងទុកជូនតុលាការជាអ្នកកាត់ក្តី»៕