(នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា)៖ នាល្ងាចថ្ងៃសុក្រ ៩កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធស័ករាជ ២៥៦៦ ត្រូវនិងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានរៀបចំពិធីប្រគល់-ទទួលឧបករណ៍បច្ចេកទេស ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋាន និងមានការចូលរួមពីតំណាងអង្គការ UNODC ប្រចាំកម្ពុជា។ ជំនួបនេះធ្វើឡើងជាលើកទី២ក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា សម្រាប់ជាមូលដ្ឋានគ្រឹះ ក្នុងកិច្ចអភិវឌ្ឍលើវិស័យបច្ចេកវិទ្យាឱ្យកាន់តែមានការរីកចម្រើន។
ជាមួយគ្នានេះដែរ តំណាងអង្គការ UNODC បានធ្វើការកោតសរសើរចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងនគរបាលជាតិកម្ពុជាកន្លងមក ជាពិសេសជំរុញដល់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យាដែលកំពុងតែរីករាលដាលនៅកម្ពុជា ក៏ដូចជានៅសកលលោកផងដែរ។
ឆ្លៀតក្នុងឱកាសនេះ លោក ឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋាន ក៏បានថ្លែងអំណរគុណដល់អង្គការ UNODC ដែលតែងតែគាំទ្រដល់នគរបាលជាតិកម្ពុជា តាមរយៈការបណ្ដុះបណ្ដាល ចែករំលែកបទពិសោធន៍ ចំណេះដឹង និងតែងតែឧបត្ថម្ភឧបករណ៍សម្ភារៈបច្ចេកទេសដើម្បីពង្រឹងសមត្ថភាពក្នុងការស៊ើបអង្កេតនិងការចោទប្រកាន់លើបទឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៉ីនធឺណិត៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា