ប្រមុខរដ្ឋាភិបាលកម្ពុជាចេញបញ្ជាឱ្យអាជ្ញាធរបង្ក្រាបនូវល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ
ប្រមុខរដ្ឋាភិបាលកម្ពុជាចេញបញ្ជាឱ្យអាជ្ញាធរបង្ក្រាបនូវល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ
សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានចេញបញ្ជាដោយម៉ឺងម៉ាត់និងដាច់ណាត់បំផុតឱ្យអាជ្ញាធរមូលដ្ឋានបង្ក្រាបនូវល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឱ្យបានទាន់ ពេលវេលា និងព្រមានអំពីការដកចេញពីមុខដំណែង អភិបាលខេត្ត ឬ រាជធានី អភិបាលស្រុក ខណ្ឌ ក្រុង ឬមន្ត្រីនគរបាល ថ្នាក់ណាក៏ដោយ ដែលរកឃើញថាមិនទទួលខុសត្រូវលើមុខងាររបស់ខ្លួននោះ។
ក្នុងសារជាសំឡេងផ្ញើជូនជនរួមជាតិ នាថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោមានប្រសាសន៍ថា កាលពីសប្ដាហ៍កន្លងទៅនេះ ក្នុងពេលប្រជុំគណៈរដ្ឋមន្ត្រី សម្ដេចបានចង្អុលបង្ហាញ ទៅឱ្យអភិបាលខេត្ត រាជធានី បើកការបង្ក្រាបទៅលើល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទដែល សម្ដេចក្រឡាហោម ស ខេង បានដឹកនាំកាងារនេះយ៉ាងសកម្ម ហើយកាលពីម្សិលនេះ សម្ដេចក្រឡាហោម ស ខេង បានធ្វើសំណើមួយ ដើម្បីឱ្យសម្ដេចចុះហត្ថលេខា លើសេចក្ដីសម្រេច ស្ដីពីការបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុស ច្បាប់គ្រប់ ប្រភេទ ដោយមានឯកឧត្ដម សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃធ្វើជាប្រធាន។ សម្ដេចតេជោថ្លែងបន្តថា ជារឿងគួរ ឱ្យសោកស្ដាយ ដែលយើងមានកិច្ចការជាច្រើនត្រូវធ្វើ ទាក់ទងជាមួយនឹងការទប់ស្កាត់ជំងឺកូវីដ១៩ ក៏ដូចជា ការប្រឹងប្រែងទប់ស្កាត់ នូវបញ្ហាទាក់ទងជាមួយនឹងសេដ្ឋកិច្ច បង្កឡើងដោយផលវិបាកពីខាងក្រៅទាក់ទងជាមួយនឹងអតិផរណា។ តែបែរជាយើងមករំខាន ដោយសារការលេងល្បែងស៊ីសងទៅវិញ។ សម្ដេចតេជោយល់ថា ល្បែងស៊ីសងវាមិនបានដាក់តាំងនៅលើមេឃ ឬដាក់តាំងនៅ ទីកន្លែងណាផ្សេង ក្រៅពីទីតាំងនៅក្នុងខេត្ត ក្នុងរាជធានី ក្នុងស្រុក ក្នុងភូមិនោះទេ។ វាស្ទើរតែមិនមានការចាំបាច់ ដើម្បីឱ្យមាន អន្តរាគមន៍ថ្នាក់ជាតិនោះទេ ប្រសិនបើឯកឧត្ដម លោកជំទាវ ជាអភិបាលខេត្ត រាជធានី យកការទទួលខុសត្រូវដើម្បីបញ្ចេញកម្លាំង បង្ក្រាប ទៅលើមណ្ឌលដែលត្រូវធ្វើ លេងល្បែងទាំងនោះ។សម្ដេចតេជោគូសបញ្ជាក់ថា ក្រុមការងាររបស់ថ្នាក់ជាតិ មិនអាចទៅបានគ្រប់ទីកន្លែងនោះទេ ទោះបីជាចាត់តាំង ទោះបីជាចាត់តាំង ១០០ក្រុមថែមទៀត ក៏មិនគ្រប់គ្រាន់ផងដែរ។ ប៉ុន្តែក្រុមការងារថ្នាក់ជាតិ ត្រូវពឹងពាក់អាស្រ័យទៅលើមូលដ្ឋានទាំងស្រុង ហើយ បញ្ហាធ្វើបាន ឬមិនបានវាស្ថិតចំណុះទៅលើមន្ត្រីមូលដ្ឋាន ក្នុងនោះ ប៉ុស្តិ៍នគរបាលនៅតាមឃុំ សង្កាត់នានា ក៏ដូចជា នគរបាល នៅតាមស្រុក តាមខេត្ត រាជធានី អាចធ្វើបាន។ ព្រោះទីតាំងទាំងនោះស្ថិតនៅនឹងមូលដ្ឋាន គឺអ្នកដែលគ្រប់គ្រងមូលដ្ឋាននោះ គឺជាអ្នកបានស្គាល់ច្បាស់នៅទីតាំងទាំងនោះ។ សម្ដេចតជោថ្លែងសង្កត់ធ្ងន់ថា « អ្វីដែលនៅសេសសល់ គឺស្ថិតនៅត្រង់ថា អស់លោក ព្រមធ្វើ ឬមិនធ្វើតែប៉ុណ្ណោះ»។ វាគ្មានការចាំបាច់ ដើម្បីនឹងរក្សាទុកនៅទីកន្លែងនៃការលេងល្បែងខុសច្បាប់ សូម្បីតែហាងកាហ្វេ ឬហាងគុយទាវខ្លះ ក៏មានល្បែងបង្កប់នៅទីនោះ ដែលធ្វើឱ្យយុវជន និងមនុស្សមួយចំនួនញៀន នឹងបែងនោះតែម្ដង។ ដូច្នេះវាគ្មាន ការលំបាកណាមួយ ដែលមករំខានដល់ថ្នាក់ជាតិ ដែលកំពុងតែខិតខំធ្វើការទៅលើបញ្ហាជាតិធំៗ ក្នុងពេលដែលអភិបាលខេត្ត អភិបាលរង អភិបាលស្រុកខណ្ឌដែលកន្លងមកនេះយើងបានបង្កើនកម្លាំងបន្ថែមដើម្បីឱ្យមូលដ្ឋានមានកម្លាំងធ្វើការគ្រប់គ្រាន់។សម្ដេចតេជោបានចេញបញ្ជាដោយម៉ឺងម៉ាត់បំផុត ស្នើឱ្យចាត់វិធានការបង្ក្រាបឱ្យបានទាន់ពេលវេលា និងដាច់ណាត់បំផុត ដោយ សម្ដេចតេជោថ្លែងថា សម្ដេចមិនស្ទាក់ស្ទើរជាមួយនឹងការដកចេញពីមុខដំណែង នៅអភិបាលខេត្ត ឬ រាជធានី អភិបាលស្រុក ខណ្ឌ ក្រុង ឬមន្ត្រីនគរបាលថ្នាក់ណាក៏ដោយ ដែលរកឃើញថាមិនទទួលខុសត្រូវលើមុខងាររបស់ខ្លួន។ សម្ដេចតេជោគូសបញ្ជាក់ទៀតថា យើងមិនអាចបណ្ដោយឱ្យសភាពការណ៍បង្កឡើងបែបអាណាធិតេយ្យក្នុងបនល្បែងតទៅទៀតទេ ត្រូវតែម៉ឺងម៉ាត់ ត្រូវតែដាច់ខាត។ វាមិនមែនជាកំណើនសេដ្ឋកិច្ចនោះទេ ក៏ប៉ុន្តែវាបណ្ដាលឱ្យមនុស្សជាច្រើនត្រូវខូចខាតបាត់បង់ទ្រព្យសម្បត្តិ។សម្ដេចតេជោក៏បានបញ្ជាក់បន្ថែមថា ទីតាំងបនល្បែងទាំងឡាយ ដែលមានការធ្វើអាជីវកម្ម ដូចជា ហាងគុយទាវ ហាងកាហ្វេ ប៉ុន្តែបង្កប់ដោយល្បែងចាំបាច់ត្រូវតែបិទចោលដោយមិនឱ្យប្រកបរបររកស៊ីតទៅតទៀត។ត្រូធ្វើវិធានការនេះឱ្យដាច់ណាត់បំផុត។ សម្ដេចតេជោ ក៏បានថ្លែងទៅកាន់អ្នករកស៊ីទាំងឡាយ អ្នកបើកបនល្បែងទាំងឡាយ ប្រសិនបើចង់បន្តអាជីវកម្ម និងកុំឱ្យបិទទ្វារ សម្រាប់អាជីវកម្មរបស់ខ្លួន ត្រូវដកចេញជាបន្ទាន់នៅល្បែងស៊ីសងគ្រប់ប្រភេទ ដែលខុសច្បាប់។
សម្ដេចតេជោនាយករដ្ឋមន្ត្រីលើកឡើងថានេះមិនមែនជាបទបញ្ជាដើម្បីបំផ្លាញប្រជាពលរដ្ឋនោះទេ តែជាបទបញ្ជាដើម្បីសេចក្ដីសុខនិងការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋកុំឱ្យចាញ់នៅក្នុងវង់ល្បែង និងកុំឱ្យមានការបែកបាក់គ្រួសារ ចោរលួច ចោរប្លន់ ដោយ សារតែការចាញ់ល្បែង។ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានស្នើឱ្យគណៈអភិបាលរាជធានី ខេត្ត ស្រុក ខណ្ឌ ក្រុង យកការ ទទួលខុសត្រូវ ដើម្បីពិនិត្យមើលអំពីបញ្ហានេះ ហើយត្រូវធ្វើឱ្យច្បាស់ និងដិតដល់ ហើយត្រូវចាប់ផ្ដើមបើកយុទ្ធនាការ បង្ក្រាបនូវ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ត្រូវធ្វើគ្រប់ទីកន្លែង ហើយធ្វើដូចភ្លៀងរលឹម ដើម្បីបញ្ចៀសនូវមហន្តរាយសម្រាប់ ប្រជាពលរដ្ឋរបស់យើង។សម្ដេចតេជោក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋកុំចូលរួមលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ហើយបោះបង់ចោលល្បែងទាំងនោះ ដើម្បីរក្សាទ្រព្យសម្បត្តិរបស់ខ្លួន៕AKP