អភិបាលខេត្តកោះកុង កោតសរសើរពីកិច្ចប្រឹងប្រែងរបស់អាជ្ញាធរ ប្រជាការពារ និងអ្នកអនាម័យ

កោះកុង៖ លោកជំទាវអភិបាលខេត្តកោះកុង បានកោតសរសើរ និងលើកចិត្តទឹកចំពោះកិច្ចប្រឹងប្រែងរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសម្អាតអនាម័យបរិស្ថានជូនដល់ចៅសង្កាត់រង មេភូមិ កម្លាំងប្រជាការពារ និងអ្នកធ្វើអនាម័យ អំឡុងថ្ងៃពិធីបុណ្យចូលឆ្នាំខ្មែរ កន្លងទៅ។

ចៅសង្កាត់រង មេភូមិ កងកម្លាំងប្រជាការពារភូមិ និងអ្នកសម្អាតអនាម័យជិត១០០នាក់ ត្រូវបានលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញជួបសំណេះសំណាងសម្តែងការកោតសរសើរ និងអរគុណចំពោះភាពលះបង់យកចិត្តទុកខ្ពស់អនុវត្តបំពេញការងារកន្លងមក។

លោក អ៊ុក សុតា នាយករងរដ្ឋបាលខេត្តកោះកុង ឱ្យដឹងនៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ថា លោកជំទាវ មិថុនា ភូថង អភិបាលខេត្ត បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅជូនចៅសង្កាត់រងទាំង៣ កងកម្លាំងប្រជាការពារភូមិ សម្របសម្រួលរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ ក៏ដូចជាក្រុមការងារធ្វើអនាម័យបរិស្ថានជុំវិញក្រុងខេមរភូមិន្ទ ពិសេសទីតាំងវត្តអារាមលេងកម្សាន្តក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរកន្លងទៅថ្មីៗនេះ។

បើតាមលោកនាយករងរដ្ឋបាលខេត្ត បន្តថា លោកស្រីអភិបាលខេត្តយល់ថា បើគ្មានការចូលរួមពីអាជ្ញាធរមូលដ្ឋាន កម្លាំងប្រជាការពារភូមិ និងអ្នកសម្អាតអនាម័យទេនោះ ក៏បញ្ហាសន្តិសុខ ព្រមទាំងកាកសំណល់សំរាមប្រភេទក៏ពិបាកគ្រប់គ្រងដែរ។ ប៉ុន្តែនេះដោយសារតែឆន្ទៈលះបង់ទាំងកម្លាំងកាយចិត្តមិនខ្លាចហត់នឿយរបស់អ្នកពាក់ព័ន្ធ ទើបទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់។

មិនចំពោះតែការរក្សាសុខសុវត្ថិភាព និងសម្អាតបរិស្ថានតែពេលមានពិធីបុណ្យទានតូចធំៗនោះទេ លោកជំទាវ មិថុនា ភូថង សំណូមពរដល់អាជ្ញាធរមូលដ្ឋាន មេភូមិ កម្លាំងប្រជាការពារភូមិ អ្នកសម្អាតអនាម័យ មេត្តាបន្តចូលរួមគ្រប់គ្រងស្ថានការណ៍ភូមិឃុំមានសុវត្ថិភាព និងបោសសម្អាតអនាម័យថែមទៀត ដើម្បីភាពសុខសានបង្កើនការទាក់ទាញភ្ញៀវទេសចរ និងលើកកម្ពស់សោភ័ណ្ឌភាពអនាម័យបរិស្ថានឱ្យបានល្អស្អាត។

ទន្ទឹមនោះ លោកជំទាវអភិបាលខេត្តកោះកុង ក៏បានចែកជូនជាថវិកាមួយចំនួន ភេសជ្ជៈម្នាក់១កេស និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត សម្រាប់សម្អាតអនាម័យបរិស្ថានដល់អាជ្ញាធរភូមិសង្កាត់ ប្រជាការពារ និងអ្នកធ្វើអនាម័យផងដែរ។

គួររម្លឹកថា ៤ថ្ងៃចាប់ថ្ងៃទី១៤ដល់ថ្ងៃទី១៧ ខែមេសា នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរស្នាក់នៅ និងលេងកម្សាន្តតាមរមណីយដ្ឋានទេសចរណ៍ក្នុងខេត្តកោះកុងចំនួន៣ម៉ឺន៣៨.៨០៤នាក់ បើធៀបនឹងឆ្នាំ២០១៩ ថយចុះ៣.៩៣៨នាក់ រីឯអ្នកទេសចរបរទេសចំនួន៧០២នាក់ ថយចុះ១១.៦៨១នាក់។

តំបន់រមណីយដ្ឋានទេសចរណ៍ដែលអ្នកទេសចរទៅលេងកម្សាន្តលំហែ ភាគច្រើននៅតំបន់ឆ្នេរនេសាទ ស្រុកស្រែអំបិល តំបន់អេកូទេសចរធម្មជាតិទឹកជ្រោះតាតៃ ស្រុកកោះកុង តំបន់លេងត្រជាក់ចិត្តនៅមុខអគាររដ្ឋបាលខេត្ត និងរមណីយដ្ឋានប្រវត្តិសាស្រ្តចេតយិឃុនឆាងឃុនផែន ឆ្នេរសមុទ្រប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។

ដោយឡែកលោក សរ សារ៉ាត់ ស្នងការរងនគរបាលខេត្តកោះកុង ធ្លាប់ឱ្យដឹងដែរថា បញ្ហាសន្តិសុខសណ្តាប់ធ្នាប់ គឺត្រូវបានគ្រប់គ្រងបានដោយរលូន គ្រាកងកម្លាំងបានដាក់ពង្រាយនៅតាមគោលដៅវត្តអារាម ដងផ្លូវសំខាន់ៗ និងតំបន់រមណីយដ្ឋានទេសចរណ៍ ដើម្បីរក្សាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងអ្នកទេសចរមកកម្សាន្តសប្បាយ៕